កាលបរិច្ឆេទ: ០៦ កញ្ញា ២០២១ / សុខភាព
ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែកក្កដាកន្លងទៅនេះ ពិព័រណ៍ផលិតផលនាំចូលលើកទី១៨ (Import Goods Fair) ត្រូវបានប្រារព្វឡើងនៅទីក្រុងសេអ៊ូល និងរៀបចំដោយសមាគមក្រុមហ៊ុននាំចូលប្រទេសកូរ៉េ (KOIMA) ដើម្បីតាំងពិព័រណ៍ផលិតផលថ្មីនាំចូលពីបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្ម។ ស្ថានទូតប្រមាណ៤០ប្រទេស និងក្រុមហ៊ុនបរទេសប្រមាណ២២ក្រុមហ៊ុនបានចូលរួមក្នុងឱកាសតាំងពិព័រណ៍មួយនេះ។ ជាមួយនឹងជំនួយពីសំណាក់សមាគមអ្នកផលិតចំណីអាហារនៅកម្ពុជា ក្រុមហ៊ុនខនហ្វីរេលបានចូលរួមតាំងពិព័រណ៍ផលិតផលឈានមុខមួយចំនួនមានដូចជា ម្រេចកំពតម៉ាក Kirum ស្ករត្នោត និងស្ករគ្រាប់ម៉ាក Thnot តែកញ្ចុំផ្កាម្រេចម៉ាក Kirum និង KEM ប្រូបាអូទិច។
ពិព័រណ៍នេះបង្កើតឡើងក្នុងបំណងជួយដល់អ្នកផលិត និងអ្នកចែកចាយនៅបរទេសឲ្យមានឱកាសបង្ហាញពីផលិតផលល្បីៗរបស់ខ្លួន និងផលិតផលប្រកបដោយគុណភាពមួយចំនួនទៀតទៅដល់ក្រុមហ៊ុននាំចូល និងអ្នកប្រើប្រាស់នៅប្រទេសកូរ៉េ។ ក្នុងចំណោមផលិតផលដែលត្រូវបានដាក់តាំងក្នុងឱកាសនោះមានជារួម ផលិតផលចំណីអាហារ ភេសជ្ជៈ ផលិតផលសិប្បកម្ម គ្រឿងសម្អាង និងគ្រឿងឧបភោគផ្សេងៗ ជាពិសេសប្រដាប់ប្រដាប្រើប្រាស់ក្នុងផ្ទះបាយ និងគ្រឿងសម្រាប់តាំងលម្អផ្ទះ។
លើសពីនេះទៅទៀត ក្រុមហ៊ុនធំៗរបស់កូរ៉េជាច្រើនក៏បានចូលរួមក្នុងពិព័រណ៍នេះដែរហើយព្រឹត្តិការណ៍ជាច្រើនក៏ត្រូវបានរៀបចំឡើងផងដែរ ដូចជាសិក្ខាសាលាដែលធ្វើឡើងដោយអ្នកជំនាញផ្នែកចែកចាយ និងកិច្ចប្រជុំស្តីពីនយោបាយពាណិជ្ជកម្មដែលរៀបចំឡើងដោយរដ្ឋាភិបាលកូរ៉េ។
សមាគម KOIMA គឺជាសមាគមឯកជនតែមួយគត់ដែលមានបទពិសោធន៍ជាង៥០ឆ្នាំផ្នែកនាំចូលនៅប្រទេសកូរ៉េ។ ស្ថិតក្នុងបរិបថសកលភាវូបនីយកម្ម ទំហំនៃការផ្តោះប្តូរពាណិជ្ជកម្មរវាងប្រទេសកូរ៉េ និងសេដ្ឋកិច្ចពិភពលោកកាន់តែរីកធំឡើងៗ។ និន្នាការនេះបានធ្វើឲ្យប្រទេសកូរ៉េក្លាយជាសេដ្ឋកិច្ចមួយដ៏សំខាន់លើឆាកអន្តរជាតិជាពិសេសផ្នែកទីផ្សារនាំចូល។ សមាគម KOIMA ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់កំណើនពាណិជ្ជកម្មផ្នែកនាំចូលនេះ៕